រសៀលថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណ១៨០នាក់ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា និមន្តមកពីវត្តចំនួន១៤ នៅទូទាំងក្រុងតាខ្មៅ ដែលបានប្រារព្វធ្វើនៅវត្តវេឡុការាម (ហៅវត្តព្រែកឬស្សី) ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទេយ្យទានដែលបានប្រគេនដល់វត្តនីមួយៗ មាន៖ បច្ច័យ៥០ម៉ឺនរៀល ទៀនព្រះវស្សា១គូ អង្ករ៥០គ.ក ទឹកក្រូច១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងស្លាដក់មួយ ។
សូមរំលឹកជម្រាបជូនផងដែរថានៅទូទាំងខេត្តកណ្តាល មានវត្តចំនួន៣៥១វត្ត ដែលនឹងត្រូវប្រគេនទៀនព្រះវស្សា បច្ច័យនិងទេយ្យទាន។
សម្រាប់ថ្ងៃនេះដែរគឺវត្តចំនួន២៤វត្តហើយ ដែល ឯកឧត្តមអភិបាល អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត បានប្រារព្វ និងនិមន្តព្រះសង្ឃទាំងពីរគណៈដើម្បីប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ដោយឡែកវត្តចំនួន៣២៧ផ្សេងទៀត ឯកឧត្តម បានចាត់ឱ្យ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តទាំង៦រូប តំណាង ឯកឧត្តមអភិបាលខេត្ត នាំយកទេយ្យទានទាំងនោះ ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តារស្រុកគោលដៅ និងតាមកាលបរិច្ឆេទរៀងៗខ្លួន។
នាឱកាស នេះដែរ លោកយាយជី លោកតាជី ដែលបានអញ្ជើញចូលរួមប្រមាណ១២០នាក់ ឯកឧត្តម ក៏មានសទ្ធារជ្រះថ្លាជូនបច្ច័យក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀលផងដែរ៕