ខ្សាច់កណ្ដាល៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមនុត ពុធដារាបានអញ្ជេីញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំដំបូង និងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ក្រុមប្រឹក្សាឃុំព្រែកអំពិល ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ ២០២២ និងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំព្រែកអំពិល លោក កែវ ច័ន្ទរ៉ា ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ដែលជាបេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា
«ជាមួយគ្នានេះដែរ ឯកឧត្តមនុត ពុធដារា បានណែនាំនឹងដើម្បីជាការឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំង ត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់»។
ទន្ទឹមនឹងនោះក្រុមប្រឹក្សាឃុំព្រែកអំពិល អាណត្តិថ្មីនេះ ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងឃុំ ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេសជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ រួមមាន៖
១. ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និង ប្រសិទ្ធភាព
៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមនុតពុធដារាបានធ្វើការណែនាំ ដល់រដ្ឋបាលឃុំព្រែកអំពិល ទាំងអស់ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕